ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

អណ្តូងទឹកស្អាតចំនួន៣ព្រះរាជអំណោយសម្តេចម៉ែត្រូវបានប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ

ដោយ :www.dechesbarameynews.com

ឧត្តរមានជ័យ÷ កាលព្រឹកថ្ងៃ ទី១២ ខែមីនា ឆ្នាំ ២០២៤នេះ អណ្តូងទឹកស្អាតចំនួន៣ ដែលព្រះរាជអំណោយ ដ៏ឧត្តុង្គឧត្តមរបស់      សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

នៅក្នុងពិធីប្រគល់អណ្តូងទឹកទាំងនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលបាន ចូលរួមថា កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារអាម៉េរិក ដែលជាព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការីចុះពិនិត្យមើលគ្រួសារណា ដែលជាមុខសញ្ញាងាយរងគ្រោះបំផុត ដើម្បីសាងសង់ផ្ទះ និង ធ្វើអណ្តូងទឹកស្អាតជូន ប្រើប្រាស់តាមតម្រូវការ។ ក្នុងនោះដែរតាមសំណើសុំរបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានពិនិត្យឃើញថា ក្នុងស្រុកខាងលើជាទីតាំងត្រូវធ្វើជូន។

សូមបញ្ជាក់ថាអណ្តូងទឹកស្អាតចំនួន៣ខាងលើនេះ ចំណាយថវិកាអស់ ៦.៦០០ដុល្លារ ដោយទីតាំងទី១ ស្ថិតក្នុងបរិវេណមណ្ឌលសុខភាពគោកឪឡោក ភូមិគោកឪឡោក ឃុំអំពិល, ទីតាំងទី២ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា ពងទឹក ភូមិពងទឹក ឃុំអំពិល, និងទីតាំងទី៣ ស្ថិតក្នុងផ្ទះប្រជាជន ក្នុងភូមិវល្លិ៍យាវ ឃុំបេង។ អណ្តូងទាំង៣នេះសម្រាប់ដោះស្រាយតម្រូវការទឹក ជូនសិស្សានុសិស្ស បុគ្គលិកសុខាភិបាល ប្រជាជនមកទទួលសេវាសុខភាពនៅ មណ្ឌលសុខភាព និងប្រជាជនទូទៅរស់នៅក្នុងតំបន់ក្បែរៗនោះ អាស្រ័យផលក្នុងជីវភាពប្រចាំថ្ងៃ។

ប្រជាពលរដ្ឋដែលទទួលផលពីការប្រើប្រាស់អណ្តូងទឹកស្អាតទាំងនេះ មានក្តីសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែល បានទទួលអណ្តូងទឹកស្អាតចំនួន៣បន្ថែមទៀត ពីកាកបាទក្រហមកម្ពុជា ដែលកន្លងមកតំបន់នេះ ធ្លាប់បានសាងសង់ជូន ចំនួន១០អណ្តូងរួចមកហើយ កាលពីខែឧសភា ឆ្នាំ២០២៣កន្លងទៅ ជាពិសេសស្របពេលដែលអាកាសធាតុកំពុងក្តៅខ្លាំង ខ្វះខាតទឹកប្រើប្រាស់ ដែលធ្វើឱ្យពួកគាត់កាត់បន្ថយការចំណាយបានយ៉ាងច្រើន ចំណេញពេលវេលា មិនលំបាកក្នុងការស្វែងរកទឹកពីទីឆ្ងាយពីផ្ទះដូចមុនឡើយ។

សូមជម្រាបផងដែរថា ក្នុងដំណើរបេសកកម្មមនុស្សធម៌នេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងគណៈប្រតិភូកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២៧៤គ្រួសារ រស់នៅក្នុងភូមិចំនួន ៥៨ភូមិ នៃឃុំអំពិល និងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រមទាំងស្ត្រីជាមាតាដែលទើបសម្រាលកូន និងមានផ្ទៃពោះ ចំនួន ៥០នាក់ នៅក្នុងមណ្ឌលសុខភាពគោកមនសែនជ័យ និងមណ្ឌលសុខភាពវល្លិ៍យាវ ផងដែរ ៕


អត្ថបទៈ សំ ងីម

No comments