ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ក្រុមហ៊ុនយក្សរបស់ជប៉ុន សាងសង់រោងចក្រថ្មីមួយទៀត​នៅខេត្តពោធិ៍​សាត់

ដោយ :www.dechesbarameynews.com

ក្រុមហ៊ុនមីនេបៀ (ខេមបូឌា)បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើក​ការដ្ឋានសាងសង់រោងចក្រទី២ របស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា)​សាខាខេត្តពោធិ៍សាត់កាលព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល, លោកអគ្គនាយក​ក្រុមហ៊ុន​មីនេបៀ, ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិតរបស់ក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋក្នុងតំបន់​ជាច្រើនរូប។

រោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ដែលប្រារព្ធពិធីបញ្ចុះ​បឋម​សិលា​បើកការដ្ឋានសាងសង់នាឱកាសនេះ គឺជារោងចក្រ​ដំបូង​គេរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ពោលគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។ ការជ្រើសរើសបោះទីតាំងក្នុងខេត្តពោធិ៍សាត់ គឺជាការសម្រេចចិត្តយុទ្ធសាស្ត្រមួយដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវស្តង់ដារបរិស្ថានដែលលេចឡើងថ្មីៗ និងចូលរួម​ចំណែកក្នុងការបង្កើនប្រវត្តិរូបអាជីវកម្មដែលគិតគូរដល់បរិស្ថាន ព្រមទាំងអាចផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅ ដោយ​ហេតុផល​​នៃភាពសម្បូរបែបនៃធនធានថាមពលកកើតឡើងវិញ​របស់ខេត្តនេះ។ ទន្ទឹមនេះ ខេត្តពោធិ៍សាត់មានទីតាំងនៅជិតផ្លូវជាតិ​លេខ៥ និងជាទីតាំងយុទ្ធសាស្ត្រផ្នែកភស្តុភារកម្ម មានការតភ្ជាប់ជាមួយ​មជ្ឈមណ្ឌលឧស្សាហកម្មក្នុងប្រទេសថៃតាម​រយៈខេត្តប៉ោយ​ប៉ែត ឬកោះកុង ដែលការណ៍នេះអនុញ្ញាតឱ្យក្រុមហ៊ុនអាចទាញ​យក​ប្រយោជន៍ពីយុទ្ធសាស្រ្តប្រទេសបូកបានផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា ការបន្ថែមទុនវិនិយោគរបស់​ក្រុមហ៊ុន​ដើម្បីសាងសង់រោងចក្រថ្មីនៅទីតាំងនេះ មិនត្រឹមតែជា​សមិទ្ធផលដ៏សំខាន់មួយសម្រាប់មីនេបៀប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសគឺមានសង្គតភាព​ទៅនឹង​កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការអបអរ​សាទរជូនដល់ក្រុមហ៊ុនមីនេបៀ ដែលបានទទួលជោគជ័យ​ជាបន្ត​បន្ទាប់ក្នុងការធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជាក្នុងរយៈពេល១៤ឆ្នាំកន្លងទៅនេះ ហើយឈានដល់ការសាងសង់រោងចក្រទី២នៅ​កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើក្រុម​ហ៊ុន​​ថានឹងចូលរួមជួយបន្តទាក់ទាញក្រុមហ៊ុនជប៉ុនកាន់​តែច្រើន​បន្ថែមទៀតឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយចែករំលែកបទ​ពិសោធន៍​វិជ្ជមាន និងភាពជោគជ័យរបស់ខ្លួនផ្ទាល់​ជាគំរូ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបដល់អង្គពិធីអំពីកិច្ចខិតខំ​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនាមជាសេនាធិការច្រកចេញ​ចូលតែមួយរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលការវិនិយោគឯកជន ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការ​ប្តេជ្ញាចិត្ត​បន្តលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគ ដោយ​ផ្តល់​នូវកិច្ចសម្រួលវិនិយោគ និងសេវាថែទាំវិនិយោគដ៏សម្បូរបែប។ នៅត្រង់ចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាប​បន្ថែមអំពីការរៀបចំអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថាប្រព័ន្ធ cdcIPM ដែលមានចរិកលក្ខណៈជាយន្តការច្រកចេញចូលតែមួយ សម្រប​សម្រួលដល់អន្តរក្រសួង-ស្ថាប័នពេញលេញតាមរយៈ​ការធ្វើសន្ធាន​កម្មចែករំលែកទិន្នន័យជាមួយគ្នាទៅវិញទៅមក សំដៅដោះស្រាយនូវ​បញ្ហាប្រឈមរបស់វិនិយោគិនដោយប្តូរពីការផ្តល់ព័ត៌មាននិង​ឯកសារដដែលៗជាច្រើនលើកច្រើនសារ មកជាការបំពេញសំណុំបែប​បទតែមួយលើកបានយ៉ាងលឿនរហ័ស កាត់បន្ថយភាពស្មុគ​ស្មាញ បង្កើនទំនុកចិត្តជូនវិនិយោគិនដែលកំពុងស្នើសុំចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជា និងអាចអនុវត្តបានពីគ្រប់ទិសទី និងគ្រប់​ពេល​វេលាតាមប្រព័ន្ធអនឡាញ។

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ប្រព័ន្ធ cdcIPM ជាសមិទ្ធផល​បច្ចេកវិទ្យាឌីជីថលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលនៃអាណត្តិ​ទី៧នេះ​ដែលត្រូវបានរៀបចំឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីក្លាយជារដ្ឋាភិបាលឌីជីថល អនុវត្តតាម​គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

ក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈធិបតីអមដំណើរ បានអញ្ជើញផ្តល់បទសម្ភាសន៍ក្នុងសន្និសីទសារព័ត៌មាន​ជាមួយ​បណ្តាញ​សារព័ត៌មានធំៗរបស់ជប៉ុន និងសារព័ត៌មានកម្ពុជា​ជាច្រើនរូប។ ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើ​បរិយាកាសវិនិយោគនៅកម្ពុជា និងការបំពេញបេសកកម្មគោះទ្វារ​វិនិយោគពីបរទេសផងដែរ។

សូមជម្រាបថា សម្រាប់រយៈពេល ១២ខែ (ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃដើមនីតិកាលទី៧ នៃរាជរដ្ឋា​ភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ៣៩១គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧,៥ពាន់លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានចំនួនប្រមាណ ៣៤១ពាន់កន្លែង បើធៀបនឹងរយៈពេល ១២ខែចុងក្រោយ នីតិកាលទី៦ នៃរាជរដ្ឋាភិបាល ការអនុម័តគម្រោងវិនិយោគមានការកើនឡើង ១៦៨​គម្រោង ស្មើនឹងប្រមាណ ៧៥% ក្នុងទុនវិនិយោគកើនឡើងជាង ៤,៦៧២លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៦១%៕ដោយ៖មុនី

No comments