ប្រកាសទទួលស្គាល់ជាផ្លូវការ រចនាសម្ព័ន្ធដឹកនាំរបស់គណ:កម្មាធិការប្រតិបត្តិ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តព្រះសីហនុ
ព្រះសីហនុ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ រសៀលថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ស.ព. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បានអញ្ជើញក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ រចនាសម្ព័ន្ធដឹកនាំ របស់គណ:កម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តព្រះសីហនុ។
តាមសេចក្តីសម្រេចលេខ ០០៦/២៣ ស.យ.ស.ស./ស.រ. ស្តីពីការបង្កើត ទទួលស្គាល់ជាផ្លូវការគណ:កម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព (ស.យ.ស.ស.) ខេត្តព្រះសីហនុ សម្រេចទទួលស្គាល់ជាផ្លុវការ សមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណ:កម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ស.យ.ស.ស. ខេត្តព្រះសីហនុ លោក ហុង រ៉ា ប្រធានប្រតិបត្តិយុវជនស្រឡាញ់សន្តិភាព (ស.យ.ស.ស.) ខេត្តព្រះសីហនុ ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានអបអរសាទរការទទួលស្គាល់ រចនាសម្ព័ន្ធដឹកនាំរបស់គណ: កម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តព្រះសីហនុ បង្ហាញពីស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ ការចូលរួមការងារសង្គមជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមការងារមនុស្សធម៌ និងការងារសង្គមជាច្រើនផ្សេងទៀត ។ នេះជាអម្រែកភារកិច្ចថ្មីមួយសម្រាប់យុវជនរបស់យើង ស្នើសុំគណៈកម្មការប្រតិបត្តិខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវសហការជាមួយអាជ្ញាខេត្ត ក្រុង ស្រុក ក្នុងការចូលរួមការងារសង្គមនៅក្នុងមូលដ្ឋាន គឺជួយមូលដ្ឋានឱ្យមានភាពងាយស្រួល យើងត្រូវកសាងកម្លាំងថ្មី ដែលមិនពាក់ព័ន្ធនឹងកម្លាំងផ្សេង រក្សាសន្តិភាព បណ្តុះបណ្តាលសមាជិករបស់យើងឱ្យមានចំណេះ ជំនាញបំពេញការងាររបស់រាជរដ្ឋាភិបាល ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងអបអរសាទរ ការប្ដេជ្ញាចិត្តរបស់លោកប្រធានយុវជនស្រឡាញ់សន្តិភាពខេត្តព្រះសីហនុ ដើម្បីឆ្លើយតបការយកចិត្តទុកដាក់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានធ្វើការផ្តាំផ្ញើសមាជិកទាំងអស់ ត្រូវខិតខំពង្រឹងសាមគ្គីភាព ដើម្បីជាស្នូលក្នុងការទាក់ទាញទឹកចិត្តយុវជនគ្រប់និន្នា ការ ឱ្យចូលរួមក្នុងសកម្មភាពនានាក្នុងសង្គម និងបុព្វហេតុជាតិ មាតុភូមិកម្ពុជា គាំទ្ររាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ។
ពិសេសគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានា យករដ្ឋមន្ត្រីបន្តវេន យើងបន្តរួមគ្នាធ្វើការងារសង្គមយ៉ាងច្រើនបន្ថែមទៀតនៅពេលខាងមុខ ខ្ញុំជឿជាក់ថា ក្រោយការប្រកាសទទួលស្គាល់នាពេលនេះ សកម្មភាពរបស់យុវជនស្រឡាញ់សន្តិភាព អនុវត្តន៍ការងារកាន់តែល្អប្រសើរបន្ថែមទៀត ។ ជាត្រីវិស័យមួយក្នុងការកសាងកម្លាំងផ្ទៃក្នុងពីបងប្អូនក្រុមប្រឆាំងមកចូលរួមរស់ជីវភាព ជាមួយយុវជនស្រឡាញ់សន្តិភាព និងគណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តម អភិបាលខេត្ត រំពឹងថា កិច្ចខិតខំប្រឹងប្រែងរបស់យុវជនស្រឡាញ់សន្តិភាព ក្រោមដំបូលគណបក្សប្រជាជនកម្ពុជា មានឱកាសកសាងសង្គមជាតិ មានការអភិវឌ្ឍរីកចម្រើន ហើយភារកិច្ចរបស់យើង គឺរួមគ្នាថែរក្សាសុខសន្តិភាព ខិតខំរៀបចំសណ្តាប់ធ្នាប់ បរិស្ថានល្អ ស្នើសុំឱ្យមានការរួមគ្នាជាបងប្អូន អ្នកប្រមាញ់ទីក្រុង បើឃើញមានរឿងមិនសមស្របណាមួយ សូមរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីយើងមានចំណាត់ការបានទាន់ពេលវេលា ។ ព្រោះយើងរួមគ្នាថែរក្សាសុវត្ថិភាពសង្គម ការពារទ្រព្យសម្បត្តិសាធារណ របស់យើងទាំងអស់គ្នា ក្នុងតំណាក់កាលប្រទេសជាតិមានសន្តិភាព៕ ដោយ:dara
No comments