ឧបនាយករដ្ឋមន្ដ្រី ស សុខា រំពឹងការចុះ MOU ជាមួយបារាំង នឹងលើកស្ទួយវិស័បាល់ទះកម្ពុជាមួយកម្រិតទៀត
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រំពឹងការចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយសហព័ន្ធកីឡាបាល់ទះបារាំង នឹងលើកស្ទួយការអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជាមួយកម្រិតទៀត ។
ការបង្ហាញសុទិដ្ឋិនិយមបែបនេះ បន្ទាប់ពីភាគីទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា នៅល្ងាចថ្ងៃថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីលោកឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោក Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង ជាមួយគោលបំណងសំខាន់ៗចំនួន ៩ចំណុច ។
ក្នុងនាមសហព័ន្ធលោកអភិសន្ដិបណ្ឌិត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះការចុះ MOU រវាងសហព័ន្ធកីឡាបាល់ទះទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍ ពិសេសវិស័យបាល់ទះកម្ពុជា ទាំងធនធានមន្ដ្រីជំនាញ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី តាមរយៈការហ្វឹកហាត់រួមគ្នា ទាំងនៅកម្ពុជា និងនៅបារាំង ។ ម្យ៉ាងក៏ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ ។
ប្រធានសហព័ន្ធខាងលើបន្ដថា «ខ្ញុំគិតថា តាមរយៈការចុះអនុស្សារណៈយោគយល់គ្នានេះ នឹងលើកស្ទួយវិស័យបាល់ទះកម្ពុជាមួយកម្រិតទៀត ។ ឥលូវនេះ ឃើញថា បាល់ទះកម្ពុជា កំពុងមានដំណើរការល្អគួរឲ្យកត់សម្គាល់ ជាពិសេសរាល់ការប្រកួតនីមួយៗ នៃលីគក្នុងស្រុក គឺមានការចាប់អារម្មណ៍ច្រើន ក្នុងនោះក៏មានកីឡាករបរទេស ចង់ចូលរួមប្រកួតប្រជែងនៅកម្ពុជាដែរ ។ នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា» ។
ទន្ទឹមជាមួយគ្នាលោក Eric Tanguy ក៏បានសម្ដែងនូវសេចក្ដីរីករាយ ក្រោយដំណើរទស្សនកិច្ចនៅកម្ពុជា ប្រកបដោយភាពសប្បាយរីករាយ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ពិសេសការឈានដល់ការចុះ MOU ជាមួយគ្នា ដ្បិតកម្ពុជា គឺជាប្រទេសទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលសហព័ន្ធកីឡាបាល់ទះបារាំង បានចុះអនុស្សារណៈយោគយល់គ្នា និងជាប្រទេសទី២ នៅទ្វីបអាស៊ី បន្ទាប់ពីប្រទេសជប៉ុន ។
ឆ្លៀតឱកាសនោះ លោកក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលបានទទួលស្វាគមន៍ និងទទួលរៀបចំការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិ U19 បារាំង និងក្រុមជម្រើសជាតិកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដែលសម្រេចបាននូវសមិទ្ធផលជាវិជ្ជមាន ជាក់ស្ដែងលោកបានអបអរសាទរក្រុមបាល់ទះកម្ពុជា ដែលដណ្ដើមបានមេដាយប្រាក់ស៊ីហ្គេម ខណៈក្រុម U19 បារាំង ក៏បានឈ្នះជើងឯក U19 ពិភពលោក បន្ទាប់ពីត្រឡប់ទៅពីកម្ពុជាវិញផងដែរ ។
ដូច្នេះតាមរយៈការចុះអនុស្សារណៈយោគយល់គ្នា រវាងប្រទេសទាំងពីរនាពេលនេះ នឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីសាងអនាគតល្អជាមួយគ្នា ។ លោក Eric Tanguy និយាយថា «ទោះបីយើងលេងបាល់ទះដូចគ្នាមែន តែមានភាពខុសគ្នា រវាងបាល់ទះអឺរ៉ុប និងបាល់ទះអាស៊ី ។ ខ្ញុំជឿថា កិច្ចសហការនេះ យើងនឹងអាចរៀនសូត្រ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ហើយរីកចម្រើនទៅមុខជាមួយគ្នា» ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការចុះ MOU រវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា និងបារាំងនេះ គឺមានរយៈពេល ២ឆ្នាំ ហើយក្នុងគោលបំណងសំខាន់ៗ ៩ចំណុច នៃ MOU នេះ គឺផ្ដោតសំខាន់ទៅលើការផ្លាស់ប្ដូរបទពិសោធន៍គ្នា រវាងប្រទេសទាំងពីរ រួមមានចំណេះ ជំនាញ ពាក់ព័ន្ធនឹងគ្រូបង្វឹក កីឡាករ ក៏ដូចជាបច្ចេកទេសផ្សេងៗ ក្នុងនោះក៏ផ្ដោតលើការអភិវឌ្ឍវិញ្ញាសាបាល់ទះឆ្នេរខ្សាច់ផងដែរ ។
លោកថា កិច្ចសហការនេះ នឹងត្រូវអនុវត្តកាន់តែស៊ីជម្រៅ បន្ទាប់ពីបារាំង ទទួលធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកហ្គេម នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ហើយនៅពេលដែលមានចន្លោះប្រហោង ឬមានអ្វីដែលចង់បាន គឺភាគីទាំងពីរអាចធ្វើការជជែកគ្នា ដើម្បីបំពេញបន្ថែមទៅលើគោលការណ៍ស្របគ្នា រវាងសហព័ន្ធទាំងពីរ ។ បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានបើកភ្លើងខៀវរៀបចំឲ្យមានការប្រកួតមិត្តភាព និងផ្លាស់ប្ដូរបច្ចេកទេស រវាងក្រុមជម្រើសជាតិ ដែលមានកម្រិតបច្ចេកទេសប្រហាក់ប្រហែលគ្នាទៀតផង ៕
No comments