ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

នាយករដ្ឋមន្ត្រីកម្ពុជា និងស្លូវេនី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ

ដោយ :www.dechesbarameynews.com

ភ្នំពេញ :សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Janez Jansa នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ានី និងជាប្រធានប្តូរវេនសហភាពអឺរ៉ុប ក៏ដូចជាអ្នកសម្របសម្រួលអាស៊ីអឺរ៉ុប និងអាស៊ានផងដែរនោះ តាមប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃអង្គារ៍ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងថា ក្នុងជំនួបនេះ ក្នុងក្របខណ្ឌទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម Janez Jansa បានឯកភាពគ្នា ក្នុងការពង្រឹង ពង្រីក និងកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យសុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារនេះឱ្យទទួលបានជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពគ្នាប្រគល់ការងារជូនក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងសហការគ្នា ធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូត និងសម្រាប់អ្នកធ្វើដំណើរផ្លូវការរវាងប្រទេសទាំងពីរ។

ក្នុងក្របខណ្ឌពហុភាគី ក្នុងនាមជាប្រធានអាស៊ាន និងប្រធានប្ដូរវេននៃសហភាពអឺរ៉ុប សម្ដេចតេជោ និង ឯកឧត្តម Janez Jansa បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជំរុញកិច្ចចរចាពាណិជ្ជកម្មសេរីអាស៊ាន និងអឺរ៉ុប និងសហការធ្វើយ៉ាងណាឱ្យដំណើរការកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ទទួលបានជោគជ័យ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម Janez Jansa ក៏បានគោរពអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីទៅធ្វើទស្សនកិច្ចនៅប្រទេសស្លូវានី ហើយសម្ដេចក៏បានទទួលយកនូវការអញ្ជើញនេះ ហើយសម្តេចបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីស្លូវេនីថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសស្លូវ៉ានីនៅដើមឆ្នាំក្រោយផងដែរ៕

ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល

No comments