ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ឯកឧត្តម ឃួង ស្រេង បានជំរុញកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ រក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនវិធានរបស់ក្រសួងសុខាភិបាល ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូកឆ្នាំនេះ

ដោយ :www.dechesbarameynews.com

 

ភ្នំពេញ :ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងការអនុវត្តវិធាន ៣កុំនិង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ។

ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) នៅរសៀលថ្ងៃ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពោលគឺនៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខនេះ ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក អកអំបុក សំពះព្រះខែនឹងឈានមកដល់ ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវរក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្តមកលេងកម្សាន្តនៅរាជធានីភ្នំពេញ ។ ពិសេសត្រូវបង្កើត ឱ្យមានការប្រចាំការទាំងសមត្ថកិច្ច ទាំងអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវមានកម្លាំងប្រចាំការដើម្បីទទួលពាក្យបណ្ដឹងពីបងប្អូនប្រជាពលរដ្ឋ។ បើមិនមានអ្នកប្រចាំការ ដើម្បីទទួលពាក្យបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋទេ រដ្ឋបាលរាជធានីភ្នំពេញ មិនអាចទទួលយកបានទេ។ ឯកឧត្តម មានប្រសាសន៍ថា បញ្ហាជំងឺកូវីដ-១៩មកដល់បច្ចុប្បន្ននេះ ស្ថានភាពបានធូរស្រាលមួយកម្រិតធំហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវតែបន្តការយកចិត្តទុកដាក់ ឱ្យខ្លាំងក្លា ពោលគឺត្រូវបន្តការផ្សព្វផ្សាយ ការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តន៍ឱ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យយកចិត្តទុកដាក់ទៅលើការផ្ដល់សេវា ចាក់វ៉ាក់សាំងជូនកុមារអាយុ ៥ឆ្នាំ ដោយគិតមកដល់ពេលនេះ កុមារមានអាយុ៥ឆ្នាំ ទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ បានចំនួនជាង៣ម៉ឺននាក់ហើយ ក្នុងចំណោមកុមារអាយុ៥ឆ្នាំដែលត្រូវទទួលការចាក់វ៉ាក់សាំងទាំងអស់ នៅក្នុងរាជធានីភ្នំពេញចំនួន ៤៩ ៨៤៣នាក់។

ឯកឧត្តម ឃួង ស្រេង បានណែនាំអាជ្ញាធរឱ្យយកចិត្តទុកដាក់លើការជំរុញបងប្អូនប្រជាពរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញផងដែរ ពោលគឺ បើបងប្អូនប្រជាពលរដ្ឋដែលមិនអាចទទួលការចាក់វ៉ាក់សាំងបាន ដោយសារបញ្ហា ពិការភាព ជាដើមនោះ ក្រុមគ្រូពេទ្យត្រូវទៅចាក់វ៉ាក់សាំងជូនពួកគាត់ដល់ផ្ទះតែម្តង។

ឯកឧត្តម ឃួង ស្រេង នៅបានជំរុញឱ្យក្រុមសមត្ថកិច្ច ដូចជា អាជ្ញាធរមូលដ្ឋានត្រូវចុះល្បាតជាប្រចាំ ដើម្បីតាមដានរាល់សកម្មភាព ការលួចបើកខារ៉ាអូខេ ក្លិបកម្សាន្ត និងរង្គសាល ហើយចំពោះទីតាំងដែលបានអនុញ្ញាត ដូចជា ភោជនីយដ្ឋានទីតាំងហូបចុកមួយចំនួន ក៏ត្រូវតែចុះពិនិត្យមើលផងដែរ ថាតើពួកគាត់បានអនុវត្តន៍នូវវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ ?៕

ដោយសួស សំរិត

No comments