សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រាជរដ្ឋាភិបាលតែងតែគិតគូរដល់ជនមានពិការភាព មានចំណេះដឹង ឱ្យបានចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន
ភ្នំពេញ ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែក លោកគ្រូអ្នកគ្រូជិត៥០០នាក់ មកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំឡើងនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការអាណិតអាសូរ ចំពោះក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែក ពីកំណើតដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅតាមមជ្ឈមណ្ឌលផ្ដល់នូវចំណេះដឹងទូទៅ និង បច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ ដែលជាម្តាយទី២របស់ក្មួយៗ ហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាចាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរដល់កូនៗ ចៅៗ មានពិការភាពពីកំណើត ឱ្យមានចំណេះដឹង មុខជំនាញដូចអ្នកមិនពិការ បានទៅបម្រើការនៅតាមបណ្តាក្រុមហ៊ុនឯកជន ដែលមិនមានភាពរើសរអើង ចំពោះជនពិការ ។ ពីព្រោះថា មនុស្សយើងគ្រប់រូបកើតមក គឺមានទេពកោសល្យ ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន មិនថាជាជនពិការ ឬមិនពិការឡើយ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនដល់ក្មួយៗទាំងអស់ រហូតបានរកនូវការងារជូនដល់សិស្ស គ ថ្លង់ និង ពិការភ្នែក បានធ្វើការនៅតាមបណ្តាក្រុមហ៊ុនឯកជន ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។
សម្តេចក៏បានក្រើនរម្លឹកដល់ក្មួយៗ កុមារគ ថ្លង់ និង ពិការភ្នែកទាំងអស់ ត្រូវគោរពត្រងត្រាប់ស្តាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ នឹង ចេះជួយនូវទុក្ខធុរៈមិត្តភ័ក្ត ចេះស្រឡាញ់ សាមគ្គីគ្នាឱ្យបានល្អនៅក្នុងមជ្ឈមណ្ឌល ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ និង ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម ។
សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកទឹកចិត្ត ដល់កុមារជនពិការគ ថ្លង់ទាំងអស់ កុំបាក់ទឹកចិត្ត និងភាពពិការរបស់ខ្លួន ត្រូវតស៊ូអត់ធ្មត់ប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ មានចំណេះដឹងខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសនៅថ្ងៃអនាគត ។ ពីព្រោះជនពិការក៏មានសិទ្ធិធ្វើអ្វីៗបានដូចមនុស្សដែលមានកាយសម្បទានធម្មតាដែរ ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសជាច្រើនដល់ជនពិការដែលមានចំណេះដឹង ឱ្យបានចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ។ ជាក់ស្តែងកុមារពិការដែលរស់នៅក្នុងសាលាកុមារគ ថ្លង់ និងពិការភ្នែក ទាំងវិទ្យាល័យទាំងពីរ ក៏បានទទួលការងារនៅក្នុងស្ថាប័នរដ្ឋ និង ក្រុមហ៊ុនឯកជនបន្តបន្ទាប់ផងដែរ ។
ក្នុងនោះផងដែរសម្តេចកិត្តិសង្គហបណ្ឌិត បានឧបត្ថម្ភដល់វិទ្យាល័យទាំងពីរ រួមមាន ៖ អង្ករ ៥០០គីឡូក្រាម, មី ៣០កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកបរិសុទ្ធ ៣០កេស, ត្រីខកំប៉ុង ៣កេស, ទផ្លែឈើ ៦កេស និង ថវិកាមួយចំនួនផងដែរ ៕ដោយសួស សំរិត
No comments