រសៀលនេះសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
រសៀលនេះសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
នៅរសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តមភរិយា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំឡើងនៅកម្ពុជាជាលើកដំបូង។
ពិធីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់ និងប្រកបដោយមោទនភាពនេះ ក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងកីឡាករ កីឡាការិនី សិល្បករ សិល្បការិនីជាច្រើនរូប។
ពិធីនារសៀលថ្ងៃនេះ នឹងមានការបំពាក់គ្រឿងឥស្សរិយយសជូនដែលដល់អ្នកចូលរួមរៀបចំព្រឹត្តិការណ៍ប្រកួត អាហារសាមគ្គី និងមានការបង្ហាញជូនផ្ទាំងទស្សនីយភាពសិល្បៈមួយចំនួនទៀត។
សូមបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំប្រវត្តិសាស្ត្រមួយដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលប្រមាណជា៦៤ឆ្នាំ។
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវបានបើកការប្រកួតតាមការគ្រោងទុកនៅដើមខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡាទាំងពីរនេះ មានប្រតិភូកីឡាចូលរួមសរុបរហូតដល់ទៅជិត ៤ពាន់នាក់។
បើទោះបីកម្ពុជារៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកដំបូង តែកម្ពុជា បានបង្កើតឱ្យមានការចាប់អារម្មណ៍ជាច្រើនលើការរៀបចំបើក និងបិទព្រឹត្តិការណ៍ប្រកួត។ ពិធីបើក-បិទស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាផ្លូវការ បានបង្កើតនូវ «ភាពភ្ញាក់ផ្អើល និងភាពអស្ចារ្យ» ប្រកបដោយប្រណិតភាព និងភាពឥតខ្ចោះ។ ទស្សនីយភាពនៃពិធីបានជះឥទ្ធិពលពីកម្ពុជាទៅគ្របដណ្ដប់ ប្រជាជាតិទូទាំងពិភពលោក ពិសេសភ្ញាក់ផ្អើលដល់ចលនាអូឡាំពិកអន្តរជាតិដែលមានសមាជិក ២០៥ប្រទេស និងប៉ារ៉ាឡាំពិកអន្តរជាតិដែលមានសមាជិក ២០៨ប្រទេស។ អ្វីដែលលើសពីការរំពឹងទុក គឺអរិយធម៌ អង្គររបស់បុព្វបុរសខ្មែរ និងសក្តានុពលជាតិគ្រប់វិស័យត្រូវបានដាក់បង្ហាញយ៉ាងទាក់ទាញបំផុតធ្វើឱ្យបរទេស កាន់តែស្គាល់បេះដូងខ្មែរពិតប្រាកដ។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍នោះ បានប្រែក្លាយផ្ទាំងទស្សនីយភាពពិធីបើកពីកម្រិតស្តង់ដាព្រឹត្តិការណ៍ ប្រកួតកីឡាតំបន់ ឬទ្វីប ទៅជាពិធីបើកកម្រិតស្ដង់ដាអូឡាំពិកពិភពលោក។
ព្រឹត្តិការណ៍ដែលនាំឱ្យគេភ្ញាក់ផ្អើលថែមទៀតនោះ
គឺការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន មិនយកថ្លៃស្នាក់នៅ ហូបចុក
ដឹកជញ្ជូន ពីប្រតិភូកីឡាចូលរួមទាំងអស់,
មិនលក់សំបុត្រចូលទស្សនាពិធីបើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡា,
មិនយកថ្លៃ «សិទ្ធិផ្សាយទូរទស្សន៍» គ្រប់ប្រព័ន្ធផ្សព្វផ្សាយ,
មិនយកថ្លៃទិដ្ឋាការគ្រប់ប្រតិភូកីឡា និងមន្ត្រីបច្ចេកទេសអន្តរជាតិមកពីគ្រប់ទិសទីជុំវិញពិភពលោក។
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយទទួលបានការឯកភាពពីក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កម្ពុជាបានដាក់បញ្ចូលប្រភេទកីឡាចំនួន ៣៧រួមមានប្រភេទ កីឡាអូឡាំពិកចំនួន ២៣ និងប្រភេទកីឡាមិនអូឡាំពិកចំនួន១៤ ក្នុងនោះកម្ពុជាបានបញ្ចូលកីឡា អត្តសញ្ញាណជាតិចំនួន ៣ ប្រភេទកីឡាផងដែរ រួមមាន៖ គុនខ្មែរ គុនល្បុក្កតោ និងអុកចត្រង្គ។ ដោយឡែកសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយបានការឯកភាពពី សហព័ន្ធកីឡាប៉ារ៉ាអាស៊ាន កម្ពុជាបានដាក់បញ្ចូលប្រភេទកីឡាចំនួន១៣។
ជាលទ្ធផល កម្ពុជាទទួលបានលទ្ធផលបច្ចេកទេសលើសពីការរំពឹងទុក ដែលប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសមានអារម្មណ៍ភ្ញាក់ផ្អើលពីសមត្ថភាពដ៏ខ្លាំងក្លា ទេពកោសល្យដ៏ប៉ិនប្រសព្វ ជំនាញវិជ្ជាជីវៈកីឡា ដ៏គត់មត់ រួមជាមួយការបង្ហាញនូវអត្តចរិកសមរម្យ ឥរិយាបថថ្លៃថ្នូរ គោរពបទបញ្ជាការប្រកួត ក្រមសីលធម៌កីឡា គោលការណ៍លេងដោយយុត្តិធម៌របស់អត្តពលិកជាតិទើបអត្តពលិកស៊ីហ្គេមកម្ពុជាដណ្តើមបានមេដាយមាស៨១ មេដាយប្រាក់៧៤ និងមេដាយសំរឹទ្ធ ១២៧ សរុបចំនួន២៨២ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រខ្ពស់ ជាងគេបំផុតសម្រាប់កម្ពុជា ដែលបានឈរចំណាត់ថ្នាក់ទី៤ ក្នុងចំណោម១១ប្រទេស។ រីឯអត្តពលិក ប៉ារ៉ាហ្គេមក៏បានបង្ហាញពីសមត្ថភាពការតស៊ូ និងទេពកោសល្យជំនាញកីឡា យ៉ាងប៉ិនប្រសព្វធ្វើឱ្យមហាជនកោតសរសើរ គោរពឱ្យតម្លៃគ្រប់ៗគ្នា។ ក្នុងនោះ លទ្ធផលបច្ចេកទេសក៏បានទទួលលើសពីការគ្រោងទុក គឺមេដាយមាស៩ មេដាយប្រាក់១៩ និងមេដាយសំរឹទ្ធ៤៥ សរុបចំនួន៧៣ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ លេខ៨ ក្នុងចំណោម១១ប្រទេស។
ជាមួយគ្នានេះ ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល និងប្រាក់រង្វាន់លើកទឹកចិត្តផ្ទាល់របស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនដល់អត្តពលិកជ័យលាភីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួចរាល់ ក្រោមអធិបតីភាពរបស់ សម្តេចពិជ័យសេនា ជាតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ។ រីឯ ប្រាក់រង្វាន់របស់ក្រុមហ៊ុនសប្បុរសជននានាក៏ត្រូវបានប្រគល់ជូនដល់អត្តពលិកជ័យលាភីរួចរាល់ផងដែរ។
តាមរយៈការរៀបចំការប្រកួតកីឡាទាំងពីរនេះ កីឡាអត្តសញ្ញាណជាតិ
ត្រូវបានលើកកម្ពស់គុណតម្លៃខ្ពស់ត្រដែត ផ្សព្វផ្សាយពាសពេញប្រទេស និងលើ
ឆាកអន្តរជាតិ
ហើយកម្ពុជាក៏ដណ្ដើមបានឧត្តមភាពមេដាយខ្ពស់លើប្រភេទកីឡាអត្តសញ្ញាណជាតិទាំងបីគឺ
គុនខ្មែរ គុនល្បុក្កតោ និងអុកចត្រង្គ។ ពិសេសជាងនេះ គុនខ្មែរ
និងគុនល្បុក្កតោ ត្រូវបានក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍អនុម័ត
និងសម្រេចដាក់បញ្ចូលលក្នុងធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍
បានយ៉ាងជោគជ័យសម្រាប់អនាគតនៃការបន្តអភិវឌ្ឍកីឡាយុទ្ធគុនខ្មែរទាំងពីរលើឆាកអន្តរជាតិ។
ការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ ហូបចុក ដឹកជញ្ជូន ការរៀបចំការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ ផ្នែកការរៀបចំសុខាភិបាល សង្គ្រោះ និងព្យាបាល អំឡុងពេលប្រកួត បានប្រព្រឹត្តទៅយ៉ាងរលូនតាមការគ្រោងទុក និងមិនមានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ផ្ទុយទៅវិញ តែងទទួលបាននូវការកោតសរសើរ និងវាយតម្លៃខ្ពស់ពីអ្នកចូលរួមទាំងអស់។ ពិសេស ភូមិកីឡាបានបន្ថែមពិន្ទុឱ្យកម្ពុជាជាប់ក្នុងប្រទេសម្ចាស់ផ្ទះ ដែលគោរពតាមស្តង់ដា ស្នាក់នៅ ហូបចុក កម្រិតលក្ខខណ្ឌតម្រូវរបស់កីឡាអូឡាំពិក។
ទីលានប្រកួតកីឡាទាំងអស់ត្រូវបានរៀបចំកម្រិតស្តង់ដាកីឡាអន្តរជាតិ និងបានគោរពតាមនិយាមនៃបទប្បញ្ញត្តិបច្ចេកទេសរបស់សហព័ន្ធកីឡាអន្តរជាតិ ពិសេស ការបំពាក់ឧបករណ៍សម្ភារៈបច្ចេកទេស ឧបករណ៍ សម្ភារៈវិនិច្ឆ័យការប្រកួតឧបករណ៍បច្ចេកវិទ្យាកំណត់ពេលវេលា និងកំណត់ពិន្ទុ ការតុបតែង សោភ័ណភាពក្នុងទីលានប្រកួតបានរៀបចំឡើង ស្របតាមទស្សនាទានកីឡាកម្រិតខ្ពស់។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាទាំងពីរនេះ
ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះស្នាដៃ
និងការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន
ដោយបានប្រគល់មេដាយមរតកអូឡាំពិកខ្ពស់បំផុតជូនសម្ដេចតេជោ
ដែលជាសក្ខីភាពដ៏ឧត្តុង្គឧត្តមនៃមោទនភាពជាតិសម្រាប់ប្រជាជនកម្ពុជាទាំងមូល។
ចលនាអូឡាំពិកអន្តរជាតិ និងចលនាប៉ារ៉ាឡាំពិកអន្តរជាតិ បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាល គណៈកម្មាធិការរៀបចំការប្រកួត ប្រជាជនកម្ពុជា ដែលបានប្រមូលអស់លទ្ធភាព សមត្ថភាព និងឆន្ទៈ មោះមុត បង្កើតភាពអស្ចារ្យក្នុងចលនាអូឡាំពិក-ប៉ារ៉ាឡាំពិក ដោយគោរពតាមស្ដង់ដាអូឡាំពិកអន្តរជាតិ-ប៉ារ៉ាឡាំពិកអន្តរជាតិយ៉ាងល្អប្រសើរ។
គណៈកម្មាធិការជាតិអូឡាំពិក និងប៉ារ៉ាឡាំពិកគ្រប់ប្រទេសជាសមាជិកចូលរួម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលើកកម្ពស់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឈានដល់កម្រិតអូឡាំពិក និងប៉ារ៉ាឡាំពិកអន្តរជាតិ និងផ្ដល់នូវភាពអស្ចារ្យឱ្យកាន់តែល្បីល្បាញ និងទាក់ទាញការគាំទ្រយ៉ាងខ្លាំងពី គ្រប់ទិសទី។ ក្នុងនោះដែរ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ក៏បានទទួលស្គាល់ស្តង់ដារៀបចំល្អប្រសើរជាងលើកមុនៗ ហើយផ្តល់តម្លៃដល់អត្តពលិកមានពិការភាពខ្ពស់ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ៕
No comments