ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធវិស័យកសិកម្ម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, រដ្ឋមន្ត្រីក្រសួងកសិកម្ម និងពាក់ព័ន្ធដែលបានប្រឹងប្រែងរួមគ្នា ឱ្យគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធវិស័យកសិកម្ម ត្រូវបានដាក់ឱ្យអនុវត្តជាមួយដំណើររបស់រាជរដ្ឋាភិបាលមិនទាន់បាន៩០ផង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមកម្មវិធីនយោបាយពាក់ព័ន្ធវិស័យកសិកម្ម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាដែលប្រទេសជាច្រើនជួបវិបត្តិស្បៀងពេលជំងឺកូវីដ១៩រាតត្បាត និងវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនជាដើមនោះ បែរជាកម្ពុជាធានាបានសន្តិសុខស្បៀង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលទ្ធផលនេះ ទទួលបានដោយសារការដាក់ចេញគោលនយោបាយមួយបានត្រឹមត្រូវ កត្តាសុខសន្តិភាព និងអំណោយផលផ្នែកធម្មជាតិជាដើម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាពិភពលោកមានវិបត្តិមនុស្សអាចផ្អាកការដើរលេង តែមិនអាចផ្អាកការហូបចុកនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនមែននៅសុខៗគេមកទិញអង្ករពីកម្ពុជានោះទេ គឺកើតចេញពីការប្រឹងប្រែងស្វះស្វែងរកទីផ្សារ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនសំខាន់រឿងកសិករលក់ស្រូវបានថ្លៃនោះទេ អ្វីដែលសំខាន់កសិករសល់បានលុយប៉ុន្មាន?
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចេកវិទ្យាផ្នែកកសិកម្មត្រូវធ្វើទំនើបកម្មជាប្រចាំ ដើម្បីបង្កើនផលិតកម្ម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកលក់ចង់បានថ្លៃ អ្នកទិញចង់បានថោក។ ផ្អែកលើបញ្ហានេះ រាជរដ្ឋាភិបាលបានគិតគូរជាប់ប្រចាំ ដើម្បីរក្សាតម្លៃមួយអាចទទួលបានទាំងអស់គ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលប្រាក់ខែឡើង ហើយទំនិញឡើងដែរ អ៊ីចឹងគឺនៅតែដដែល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រឹងប្រែងចុះជួយប្រជាកសិកររងគ្រោះទឹកជំនន់នាពេលកន្លងទៅ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្នើឱ្យអ្នករកស៊ីលើវិស័យកសិកម្ម កុំប្រកួតប្រជែងគ្នាឯង រហូតបាត់បង់លទ្ធភាពជាមួយអ្នកខាងក្រៅ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចមាត្រដ្ឋាន ចាំបាច់ណាស់ សម្រាប់ធានាការប្រកួតប្រជែង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចងក្រងជាគ្នាសហគមន៍របស់កសិករ គឺមានសារៈសំខាន់ណាស់ សម្រាប់បង្កើនផលិតកម្ម និងដាក់ចេញកិច្ចអន្តរាគមន៍ទាំងឡាយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យប្រើប្រាស់កិច្ចអន្តរាគមន៍ដល់កសិករបែបបុរេសកម្ម ជាជាងបែបប្រតិកម្ម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រការចងក្រងសហគមន៍កសិកម្ម ហើយធ្វើឱ្យទំនើបកម្ម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា មៀនប៉ៃលិន របស់កម្ពុជា មានលក់នៅលើអាលីបាបា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអ្នកពាក់ព័ន្ធជំរុញកសិផលឡើងលើផ្សារឌីជីថល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាការផ្តល់ឥណទានកសិកម្ម ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ស្មារតីប្រកួតប្រជែងទីផ្សារសេរី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋមិនអាចជួយរហូតដល់វិស័យឯកជនមិនប្រឹងនោះទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ឱ្យចាត់វិធានការលុបបំបាត់សកម្មភាពទាំងឡាយ ដែលធ្វើឱ្យបាត់បង់ការប្រកួតប្រជែងដោយស្មើភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគិតគូរភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគង់តែនាំផលិតផលមិនសម្រេចទៅគេ ហើយនាំផលិតផលសម្រេចមកវិញដដែល ដូច្នេះត្រូវពង្រឹងគុណភាពផលិតផលមិនសម្រេចដែលកម្ពុជាមាន ទៅផ្គត់ផ្គង់តាមរោងចក្រដែលត្រូវការវត្ថុធាតុដើមដូចជាកៅស៊ូជាដើម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កសិកម្មមិនសំខាន់លើបរិមាណនោះទេ តែសំខាន់ការទទួលបានចំណូល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនសំខាន់ថាចិញ្ចឹមអ្វី ឬដាំអ្វីនោះទេ តែឱ្យត្រូវទីផ្សារ ហើយកសិករទទួលបានចំណូល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គាំទ្រកសិផលខ្មែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត»។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីបច្ចេកទេសដែលរើសទៅជួយកសិករ ត្រូវរើសអ្នកដែលចុះជួយជាក់ស្តែង មិនមែនប្រលងយកតែក្របខណ្ឌ ប្រលងហើយទុកចោលនោះទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនដែលប្រលងទៅធ្វើជាមន្ត្រីបច្ចេកទេសចុះជួយកសិករ ត្រូវធ្វើការងារដោយបេះដូង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងណែនាំឱ្យកសិករចងក្រងគ្នាជាសហគមន៍ តែពេលខ្លះក្រសួងពាក់ព័ន្ធធ្វើការមិនសហការគ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចនឹងពិនិត្យរចនាសម្ព័ន្ធនៅតាមក្រសួងស្ថាប័នរដ្ឋ ដើម្បីបញ្ចៀសការអនុវត្តន៍តួនាទីភារកិច្ចជាន់គ្នា។
No comments