រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ផ្តោតលើការងារអាទិភាព ចំណេញធនធាន និងទទួលបានប្រសិទ្ធភាពការងារខ្ពស់
(ត្បូងឃ្មុំ)៖ ការយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋរបស់យើងតាមគោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចំណេញធនធាន និងទទួលបានប្រសិទ្ធភាពការងារខ្ពស់។ នេះជាការផ្តាំផ្ញើរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។
ជាមួយគ្នានេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានរាយការណ៍អំពីសមិទ្ធផលការងារដែលខេត្តសម្រេចបានរួមមានការការពារ ពង្រឹងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជំរុញអនុវត្តចលនាគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» និងបានអភិវឌ្ឍន៍ ស្តារ ជួសជុល ថែទាំជាបន្តបន្ទាប់ នូវហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធបណ្តាញទឹកស្អាត ពង្រីកការផ្គត់ផ្គង់ និងការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងន័យជំរុញ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ និងឈានឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី១ និងជាផែនការបន្តទៀតក្នុងឆ្នាំ២០២៤ ខេត្តត្បូងឃ្មុំនឹងសម្រេចឲ្យបាន៖
ទី១៖ ធានាឱ្យបានសន្តិសុខ សុវត្ថិភាពសាធារណៈសង្គម និងផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវិត្ថិភាព។
ទី២៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធលើគ្រប់វិស័យ។
ទី៣៖ ត្រួតពិនិត្យ និងចាត់វិធានការគ្រប់គ្រងជនបរទេសដែលស្នាក់នៅ និងធ្វើការក្នុងភូមិសាស្ត្រខេត្ត។
ទី៤៖ បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការដោះស្រាយទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ទី៥៖ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទី៦៖ ជំរុញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងវិវាទដីធ្លីតាមយន្តការជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
ទី៧៖ បង្ការ ការពារ និងទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសធនធានធម្មជាតិឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់តាមវិធានការច្បាប់។
ទី៨៖ លើកកម្ពស់របបសន្តិសុខសង្គមដល់នយោជិតសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ដើម្បីការពារសុខភាព និងការគាំពារសង្គមតាមបទដ្ឋានគតិយុត្ត។
ទី៩៖ លើកទឹកចិត្តការវិនិយោគជាតិ អន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យបានជឿនលឿនលើគ្រប់វិស័យ។
ទន្ទឹមនឹងការថ្លែងឡើងនូវផែនការ៩ចំនុចនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់អនុសាសន៍ថា ការកំណត់លើទិសដៅអាទិភាពការងារ គឺជាស្នូលនៃភាពជោគជ័យ ហើយដើម្បីសម្រេចបាននូវផែនការទាំងនេះ ចាំបាច់ត្រូវតែសម្រួចទិសដៅរបស់ខ្លួនឱ្យចំនឹងអាទិភាពការងារ ជាឧទាហរណ៍ជាក់ស្តែងក្រសួងបរិស្ថាន មានយុទ្ធសាស្ត្រចក្រា ដែលយុទ្ធសាស្រ្តគន្លឹះនេះជួយឱ្យក្រសួងសម្រេចបាននូវភាពស្អាត ហើយគោលការណ៍ស្អាតនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអន្តរជាតិ រហូតទទួលស្គាល់កម្ពុជាជាជើងឯកក្នុងវិស័យបរិស្ថាន ដែលជាមទោនភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
សូមរម្លឹកជូនថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីសរុប ៥,២៥០.៥១គីឡូម៉ែត្រក្រឡា មាន ០១ក្រុង ០៦ស្រុក ០២សង្កាត់ ៦២ឃុំ និងមាន ៨៧៥ភូមិ ប្រជាពលរដ្ឋសរុបប្រមាណ ៨៧៤.១៩៩នាក់។ ខេត្ត ពឹងផ្អែក លើវិស័យកសិកម្ម វិស័យឧស្សាហកម្ម សេវាកម្ម និងមានច្រកចំនួន ០៧ច្រក គឺច្រកអន្តរជាតិ០១, ច្រកទ្វេភាគី ០២, និងច្រកតំបន់០៤ ដែលមូលដ្ឋានក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្តឱ្យមានការកើនឡើងយ៉ាងឆាប់រហ័ស៕
No comments