ក្រសួងពាណិជ្ជកម្ម បេីកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
សន្និបាតនេះ រៀបចំឡេីងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
តាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តួលេខសមិទ្ធផលសំខាន់ៗគួរកត់សម្គាល់ក្នុង១១ខែឆ្នាំ២០២៣៖
• ទំហំពាណិជ្ជកម្មអន្តរជាតិ ១១ខែដើមឆ្នាំ២០២៣ មានទំហំ ៤៣ ៥១៥,៨៦លានដុល្លារអាម៉េរិក ដែលក្នុងនោះការនាំចេញសរុបមាន ២១ ៩៩២,៤០លានដុល្លារអាម៉េរិក កើនឡើង ៤,០៨% បើប្រៀបធៀបនឹងការនាំចេញ រយៈពេល១១ខែ ឆ្នាំ២០២២
• ចំណូលប្រមូលបានក្នុងរយៈពេល១១ខែដើមឆ្នាំ២០២៣ នេះមានចំនួន ៥៣ ៥៧៨,១លានរៀល (ស្មើនឹង ១០២,០៩% នៃច្បាប់ថវិកា)
• ចំណាយសរុបក្នុងរយៈពេល១១ខែដើមឆ្នាំ២០២៣ នេះមានចំនួន៖ ៩០ ៤៦៩,៨លានរៀល (ស្មើនឹង ៨៧,៧២% នៃឥណទានថវិកាដែលបានផ្តល់)
• ការចុះបញ្ជីពាណិជ្ជកម្មមានចំនួនសរុប ១១ ៥០៦ ក្រុមហ៊ុន និងការលុបចេញពីបញ្ជីមានចំនួនសរុប ៩៦៧ ក្រុមហ៊ុន
• ការចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិមានចំនួនសរុប ៣ ៤៤៤ ម៉ាក
• ការចុះបញ្ជីម៉ាកតាមប្រព័ន្ធអន្តរជាតិមានចំនួនសរុប ១ ៨៨៤ម៉ាក។
សូមជម្រាបថា សនិ្នបាតនេះ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១-ទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយតាមការគ្រោងទុក នៅក្នុងពិធីបិទសន្និបាត នៅថ្ងៃស្អែក នឹងរៀបចំធ្វេីឡេីងក្រោមអធិបតីភាព របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕
No comments