ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដាស់តឿនមន្ត្រីរាជការ កម្លាំងសមត្ថកិច្ចកុំប្រព្រឹត្តបទល្មើសគ្រឿងញៀន ផ្ទុយទៅវិញត្រូវខិតខំអភិវឌ្ឍមូលដ្ឋានឱ្យបន្តការរីកចម្រើន
ការដាស់តឿនណែនាំនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកោះកុង នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ដោយមានការទទួលស្វាគមន៍ពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។
លោក ទៀ សីហា បានណែនាំដល់អាជ្ញាធរខេត្ត ស្រុក រហូតដល់ថ្នាក់មូលដ្ឋានត្រូវខិតខំអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យបន្តការរីកចម្រើន ដើម្បីទាក់ទាញភ្លៀវទេសចរឱ្យចូលមកកម្សាន្តបានច្រើន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត។
លោកឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តព្យាយាមពង្រីកទំនាក់ទំនងជាមួយប្រទេសជិតខាង ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជួញដូរផលិតផលរបស់ប្រជាពលរដ្ឋ ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ច វិស័យទេសចរណ៍ផងដែរ។
លោកបានបន្ថែមថា ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ឱ្យភាពទាក់ទាញ ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ត្រូវរួមគ្នារៀបចំហេដ្ឋរចនាសម្ពន្ធនៅតាមទីតាំងកម្សាន្ត ដូចជារមណីយដ្ឋានតំបន់ឆ្នេរឱ្យមានអនាម័យ មានសោភ័ណភាពល្អស្រស់ស្រាយ និងមានការទទួលស្វាគមន៍រាក់ទាក់ គោរពប្រពៃណីខ្មែរ ហើយពលរដ្ឋមានការងារធ្វើអាចរកចំណូលបាន ដើម្បីដោះស្រាយក្នុងជីវភាពគ្រួសារបានមួយកម្រិត។
លោក ទៀត សីហា បានសង្កត់ធ្ងន់ចំពោះបញ្ហាគ្រឿងញៀន និងបានណែនាំដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់រហូលដល់មូលដ្ឋាន ធ្វើយ៉ាងណាត្រូវអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្តិភាពជូនប្រជាពលរដ្ឋ ហើយសមត្ថកិច្ចត្រូវអនុវត្តច្បាប់ឲ្យច្បាស់ សមត្ថកិច្ចមិនត្រូវប្រើប្រាស់គ្រឿងញៀនក្នុងនាមជាសមត្ថកិច្ច បើការស្រាវជ្រៀវដឹងថាសមត្ថកិច្ចម្នាក់ណាប្រើប្រាស់ និងពាក់ព័ន្ធគ្រឿងញៀន ត្រូវដកចេញពីក្របខណ្ឌរដ្ឋភ្លាមៗ ហើយទទួលទោសទៅផ្លូវច្បាប់ផងដែរ មិនថាកងទ័ព មិនថានគរបាល មិនថាកងរាជអាវុធហត្ថឡើយ៕
No comments