ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

កងទ័ពកម្ពុជា-ឡាវបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យអំពីវឌ្ឍនភាពសន្តិសុខព្រំដែន នៃប្រទេសទាំងពីរ

ដោយ :www.dechesbarameynews.com

 កងទ័ពកម្ពុជា-ឡាវបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យអំពីវឌ្ឍនភាពសន្តិសុខព្រំដែន នៃប្រទេសទាំងពីរ

គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ​បាន​បើក​កិច្ចប្រជុំពិភាក្សាគ្នាលើកទី២ ដើម្បីពិនិត្យវឌ្ឍនភាព​កិច្ច​សហ​ប្រតិបត្តិការ​រក្សា​សន្តិសុខ​ព្រំដែន​ប្រទេស​ទាំងពីរ និងបន្តរៀបចំយន្តការ​ទាក់ទង​ទៅ​នឹង​របៀប​របប​ការងារ​របស់​គណៈ​កម្មការ​ផង​ដែរ។ នេះបើតាមការឲ្យដឹងពីលោក ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យ​អគ្គ​បញ្ជាការ នៃ​កងយោធពលខេមរភូមិន្ទ។

ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម លោកឧត្តមសេនីយ៍ទោថោង សូលីម៉ូ បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ រ៉ូយ៉ាល អង្គរ រីសត ក្នុងខេត្តសៀមរាប ដោយភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជាប្រធាន​គណៈ​កម្មការ​កិច្ច​សហ​ប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវខណៈភាគីឡាវ ដឹក​នាំ​ដោយ ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធាន​អគ្គ​សេនា​ធិការ​កង​ទ័ព​ប្រជាជន​ឡាវ និង​ជា​ប្រធាន​គណៈកម្មការកិច្ច​សហ​ប្រតិបត្តិការ​រក្សា​សន្តិសុខ​របៀប​រៀប​រយ​តាម​បណ្ដោ​យ​ព្រំដែន​ឡាវ-កម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា គណៈកម្មការ​កិច្ច​សហ​ប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ មានភារ​កិច្ច​ដ៏សំខាន់​នៅក្នុងការសម្របសម្រួលផ្នែកសន្តិសុខ របៀបរៀបរយធ្វើឲ្យព្រំដែនមានសន្តិភាព បង្ក​លក្ខណៈឲ្យស្ថាប័នជំនាញសហការគ្នាទប់ស្កាត់រាល់ល្មើសនានា និងការអភិវឌ្ឍន៍។ នាយ​ឧត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បានបន្ថែម ដើម្បីឲ្យការអនុវត្តទទួលបានជោគជ័យ គណៈកម្មការ​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ប្រកាន់ភ្ជាប់នូវគោលការណ៍សន្តិភាព មិត្តភាព ហើយរាល់បញ្ហា​ដែល​បាន​កើត​ឡើង​ត្រូវ​ដោះ​ស្រាយ​ដោយសន្តិវិធី និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកផងដែរ។

ជាមួយនោះត្រូវជំរុញឲ្យទំនាក់ទំនងរបស់កងទ័ពប្រទេសទាំងពីរក្នុងស្មារតីសាមគ្គីភាព មិត្តភាព និង​ជា​អ្នកជិតខាងល្អ ជាពិសេសបណ្ដាអង្គភាពតាមបណ្ដោយព្រំដែន ធ្វើការទំនាក់ទំនងគ្នា ផ្លាស់​ប្ដូរ​ព័ត៌មានគ្នា ដោយបង្កើតឲ្យមានការលេងកីឡា សិល្បៈ និងបន្ត​យន្តការ​ការងារ​របស់​គណៈ​កម្មការ​ប្រទេសទាំងពីរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស បានឯក​ភាព​ចំពោះ​ការ​លើក​ឡើង​របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ហើយសន្យាបន្តពង្រឹង​កិច្ច​សហការ​ក្នុង​ការ​ថែរក្សា​ការពារ​សន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឲ្យក្លាយជាព្រំដែនសន្តិភាព បញ្ជៀស​ឲ្យ​បាន​រាល់ការប៉ះទង្គិចគ្នា ដោយសហការទប់ស្កាត់រាល់បទល្មើសនានា ដូចជាអំពើភេរវកម្ម ការ​ជួញ​ដូរ​មនុស្ស ការជួញដូរគ្រឿងញៀន ការជួយដូរអាវុធយុត្តិភ័ណ្ឌ ការជួញដូរវត្ថុបុរាណ ការ​កាប់​បំផ្លា​ញ​ព្រៃឈើ ។ល។

ជាមួយនោះ បន្តពង្រឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ក្នុងការអប់រំ​ប្រជា​ពលរដ្ឋដែលរស់​នៅ​តាម​បណ្ដោយ​ព្រំដែន​ឱ្យ​យល់​ដឹង​ពី​ច្បាប់ និង​សេចក្តី​កំណត់​ផ្សេង​ៗ​របស់​ប្រទេស​ទាំង​ពីរ ជៀសវាងការប្រព្រឹត្តអំពើមើលច្បាប់ និងសកម្មភាពដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ ​សុវត្ថិភាព តាមបណ្តោយព្រំដែនប្រទេសទាំងពីរ៕ អត្ថបទ៖ បាន ចក់









No comments