លោក ប៉ែន បូណា៖ សន្ទុះចលនាជាតិគាំទ្រព្រែកជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នក ស្នេហាជាតិក្លែងក្លាយ
លោក ប៉ែន បូណា៖ សន្ទុះចលនាជាតិគាំទ្រព្រែកជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នក ស្នេហាជាតិក្លែងក្លាយ
(ភ្នំពេញ)៖ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យទាល់តែបាននូវគម្រោងព្រែកជីកហ្វូណនតេជោបាននឹងកំពុងទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស។ សន្ទុះនៃការគាំទ្របានផុសចេញពីទឹកចិត្តស្រឡាញ់ជាតិ ការពារផលប្រយោជន៍ជាតិ និងប្រាថ្នាចង់ឃើញប្រទេសរបស់ខ្លួនមានឯករាជភាព និងភាពរឹងមាំខាងសេដ្ឋកិច្ចដោយឈរលើកម្លាំងខ្លួនឯងដោយមិនចាំបាច់ពឹងខ្យល់ដកដង្ហើមពីបរទេស។
ពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានឈាមជ័រជាខ្មែរ មិនរារែកក្នុងការចេញមុខគាំទ្រពេញទំហឹង និងយ៉ាងកងរំពងដោយបង្កើតបានជាចលនាជាតិដ៏ធំមហិមាដែលមិនធ្លាប់មានពីមុន។ ចលនាជាតិមួយនេះ គឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលកំពុងការពារនិងរុញច្រានគម្រោងនេះឱ្យទៅមុខដើម្បីសម្រេចគោលដៅដែលបានកំណត់ ពីព្រោះកម្លាំងមហាសាមគ្គីជាតិនេះហើយដែលជាប្រៀបខ្លាំងលើសពីកម្លាំងអ្វីៗទាំងអស់។ ពេលនេះ ជាតិសាសន៍ខ្មែរបានបង្ហាញពីចំណុចខ្លាំងរបស់ខ្លួនជាងពេលណាៗទាំងអស់តាមរយៈចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។
ចលនាជាតិដ៏ខ្លាំងក្លានេះ មិនត្រឹមតែធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំធេងជាប្រវត្តិសាស្ត្រជូនជាតិប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាចលនាមួយដែលកំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយមួយក្តាប់តូច ដែលបានបន្លំពាក់របាំងមុខអ្នកស្នេហាជាតិអស់ជាច្រើនទសវត្សរ៍មកហើយនោះ ឱ្យសាធារណជនមើលឃើញយ៉ាងច្បាស់ក្រឡែតពីមុខមាត់ពិតរបស់ពួកគេ។ ជាក់ស្តែង ខណៈដែលជនជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចេញមុខគាំទ្រយ៉ាងពេញទំហឹងនូវជំហររបស់រាជរដ្ឋាភិបាលចំពោះគម្រោងព្រែកជីកហ្វូណនតេជោដែលផ្តល់ប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចជាតិ ស្រាប់តែអ្នកស្នេហាជាតិក្លែងក្លាយមួយរូបជាមួយសាវ័កមួយដំបស្វាបែរជាស្រវាស្រទេញចេញមុខប្រឆាំងប្រយោជន៍ជាតិខ្លួនឯងទៅវិញ។
ការដើរបញ្ច្រាសទិសចលនាជាតិដ៏ខ្លាំងក្លានេះ បានធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមងងឹតងងុលមួយក្តាប់តូចនេះ កំពុងទទួលរងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងធ្វើឱ្យរបាំងស្បែកមុខរបស់ពួកគេត្រូវបានបកអាក្រាតនៅចំពោះមុខសាធារណជនខ្មែរ។ អាចនិយាយបានថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាពរជ័យនិងជាលាភសំណាងសម្រាប់កម្ពុជានិងប្រជាពលរដ្ឋខ្មែរ ក៏ប៉ុន្តែ វាជាបណ្តាសានិងជាគ្រោះដ៏ធំដែលចូលមកបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយឱ្យប្រជាពលរដ្ឋខ្មែរបានឃើញច្បាស់និងដាក់ឱ្យពួកគេទទួលខុសត្រូវចំពោះកំហុសជាប្រវត្តិសាស្ត្ររបស់ខ្លួន៕
No comments