ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ក្រសួងប្រៃសណីយ៍ បន្ថែមក្រុមការងារប្រតិបត្តិជួយពន្លឿនការលើកកម្ពស់គុណភាពសេវា​ទូរគមនាគមន៍​នៅរាជធានីភ្នំពេញកាន់តែប្រសើរ

ដោយ :www.dechesbarameynews.com

 ក្រសួងប្រៃសណីយ៍ បន្ថែមក្រុមការងារប្រតិបត្តិជួយពន្លឿនការលើកកម្ពស់គុណភាពសេវា​ទូរគមនាគមន៍​នៅរាជធានីភ្នំពេញកាន់តែប្រសើរ

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់​ក្រុម​ការងារ​លើក​កម្ពស់​គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ទាំង​ ៩ក្រុម។

ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និង​ការធ្វើ​អាជីវកម្ម​ប្រកប​ដោយ​សុចរិត​ភាព និងកា​រទទួលខុសត្រូវចំពោះសង្គម តាមរយៈការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​ទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័តក៏ដូចជាសេវាអ៊ីនធឺណិត ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានបង្កើតក្រុមការងារ​លើក​កម្ពស់​គុណ​ភាព​សេវា​ទូរ​គមនាគមន៍​ក្នុង​រាជ​ធានីភ្នំពេញ ដែលមានក្រុមការងារប្រតិបត្តិទាំង​ ៩ក្រុម នៅតាមបុរី និងខណ្ឌទាំង១៤ ក្នុង​រាជ​ធានី​ភ្នំពេញ។

គិតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារ​លើកក​ម្ពស់​គុណភាព​សេវា​ទូរ​គមនាគម​ន៍​នៅ​តាម​បុរី បានសាង់សង់ “បង្គោលអង់តែនរួម” ៧៤បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយ​ៗ​អាច​បំពា​ក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។ ស្ថានីយអង់តែនចំនួន១៥៧ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ៣៧ ស្ថានីយ,​ ក្រុមហ៊ុន Metfone ចំនួន ៥៨ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ ស្ថានីយ ដែល​ប្រតិបត្តិករបានបំពាក់ស្ថានីយអង់តែនតាមការបានគ្រោងទុក។ ជាមួយគ្នានេះ ខណ្ឌ​ទាំង​១៤ ​ក្នុងរាជធានីភ្នំពេញ បានសាងសង់បន្ថែម “បង្គោលអង់តែនរួម” ២៩៨ បង្គោល ដែល​ស្ថានីយ​អង់​តែនចំនួន៣២០ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ២៥ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ១០៣ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ១៩២ ស្ថានីយ​។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

នៅក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ណែនាំ​ដល់​ក្រុម​ការងារ​បន្ត​ពង្រឹង​គុណ​ភាព​សេវា​ក្នុង​រាជ​ធានីភ្នំពេញ ដោយបញ្ចប់កិច្ច​សន្យា​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ដល់​ប្រតិបត្តិករ​ណាមួ​យ​ក្នុង​ការ​ផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី​ និងទីតាំងអគារខ្ពស់ៗ​ ក្នុងការ​ជំរុញ​គុណភាពសេវា។ ជាមួយគ្នានេះដែរ ក្រុមការងារ​ទទួល​បន្ទុក​តាម​តំបន់​នីមួយៗ​ក្នុ​ង​រាជ​ធានី​ភ្នំពេញ​ ត្រូវបន្តសម្របសម្រួលការចុះសម្ភាសន៍តាមតំបន់ក្នុងការសិក្សាស្វែងយល់អំពីស្ថានភាព និង​កត្តា​កំពុងប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត ដើម្បីជា​ធាតុ​ចូល​ក្នុង​ការ​រៀបចំ​ជា​ដំណោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។

សូមជម្រាប​ជូនថា បច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែម​សមាស​ភាព​ក្រុម​ការងារ​ប្រតិបត្តិ​រហូត​ដល់​ ៩ក្រុម ដើម្បីជួយពន្លឿន​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​សេវា​ទូរ​គមនាគមន៍​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាន់​តែប្រសើរឡើង និងជំរុញការអនុវត្ត​ផែន​ការ​សកម្ម​ភាព​លើក​កម្ពស់​គុណ​ភាព​សេវា​ទូរ​គមនាគមន៍ នៅក្នុងបុរី អគារ ខុនដូ-អាផាតមិន អគារខ្ពស់ អគារពាណិជ្ជកម្ម ផ្សារទំនើប និង​ទីតាំង​ផ្សេង​ទៀតតាមការចាំបាច់ នៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ។












No comments