នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជួបពិភាក្សាការងារជាមួយឯកឧត្តម Jean-Pierre Lacroix
កាលព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះដំណើរអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់ ឯកឧត្តម Jean-Pierre Lacroix ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០០៦ កម្ពុជា ចាប់ផ្តើមបោះជំហានទៅមុខ ដោយការបញ្ជូនកងកម្លាំងទៅកាន់សាធារណរដ្ឋស៊ូដង់លើកដំបូង ហើយឆ្នាំ២០២៤នេះ មានរយៈពេល១៨ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អសប កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩៥៧៩នាក់ ក្នុងនោះ នារី ៨១៨នាក់ ទៅកាន់ប្រទេសចំនួន១០ និង១២បេសកកម្ម។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា បច្ចុប្បន្ន កម្ពុជា កំពុងមានភាពលេចធ្លោក្នុងការបញ្ជូនមេកងជានារី ចំនួន៣នាក់ ទៅកាន់តំបន់បេសកកម្ម រួមមាន សាធារណរដ្ឋអាហ្រ្វិកកណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។ ទន្ទឹមនោះ អាត្រាក្នុងការបញ្ជូនកងកម្លាំងជានារីរបស់កម្ពុជាទៅតំបន់បេសកកម្ម មានប្រមាណ ១៧.២ភាគរយ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានប្តេជ្ញាបន្តបង្កើនចំនួនយោធិននារីបន្ថែមផងដែរ។
ឯកឧត្តម Jean-Pierre Lacroix បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី និងក្រុមការងារ។ នេះមិនមែនជាលើកទី១ឡើយ ដែលឯកឧត្តមអគ្គលេខាធិការរងអង្គការសហប្រជាជាតិ មានជំនួបទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ហើយបន្ទាប់ពីជំនួបនីមួយៗ តែងតែទទួលបានផ្លែផ្កាល្អ ក្នុងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា។ ឯកឧត្តម បានថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះកម្ពុជា ដែលបានបរិច្ចាគកម្លាំងក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អសប ជាពិសេស ក៏បានឃើញពីការចូលរួម មិនត្រឹមតែពីសំណាក់បុរសទេ គឺពីសំណាក់យោធិននារី ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិទៅកាន់ប្រទេសមួយចំនួនផងដែរ។ ឯកឧត្តម Jean-Pierre Lacroix បានបន្ថែមថា ការចូលរួមរបស់កងកម្លាំងមួកខៀវកម្ពុជានៅតំបន់ខ្លះ គឺមិនងាយស្រួលនោះទេ ហើយតំបន់ខ្លះក៏ប្រឈមនឹងការលំបាកផងដែរ។
ឯកឧត្តម Jean-Pierre Lacroix ក៏បានធ្វើការកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជា ដែលបានប្រែក្លាយខ្លួនពីប្រទេសដែលទទួលវត្តមានអង្គការសហប្រជាជាតិ មកជាប្រទេសដែលបញ្ជូនកម្លាំងចូលរួមយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានចែករំលែកនូវជំនាញវិជ្ជាជីវៈនៅក្នុងការអនុវត្ត ជាពិសេសក្នុងភារកិច្ចបោសសម្អាតមីន និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ៕
No comments