ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

រដ្ឋមន្ដ្រីសុខាភិបាល បំពាក់គ្រឿងឥស្សរិយយស ជូនអ្នកជំនាញការបច្ចេកទេសអន្តរជាតិ ដែលជួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទទួលបានលទ្ធផលដ៏ល្អ

ដោយ :www.dechesbarameynews.com

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោកបណ្ឌិត Olivier Segeral អតីតអ្នកជំនាញការបច្ចេកទេសអន្តរជាតិ សម្រាប់សាកលវិទ្យាល័យវិទ្យាសាស្ដ្រាសុខាភិបាល បន្ទាប់ពីលោកបណ្ឌិតបានកសាងនូវស្នាដៃជាច្រើនជូនសាកលវិទ្យាល័យកន្លងមកនេះ។

ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរដោយស្មោះ ដល់លោកបណ្ឌិត Olivier Segeral ដែលបានខិតខំលើកស្ទួយកិច្ចការស្រាវជ្រាវនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រមទាំងបានចូលរួមបណ្តុះបណ្តាល ដឹកនាំនិក្ខេបបទ អំពីវិធីសាស្ត្រនៃការស្រាវជ្រាវ និងរបៀបសរសេរគម្រោងស្រាវជ្រាវដល់និស្សិត និងបុគ្គលិកសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងរយៈពេលកន្លងមក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ស្ថានទូតបារាំងប្រចាំកម្ពុជា ដែលបានជួយសម្របសម្រួលផ្តល់នូវអ្នកជំនាញការបច្ចេកទេសអន្តរជាតិ ជូនសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីគាំទ្រ អនុវត្តការងារស្រាវជ្រាវ និងជួយបណ្តុះបណ្តាលមន្ត្រី បុគ្គលិក និស្សិតរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ លោករដ្ឋមន្ដ្រីក៏បានថ្លែងអំណរគុណដល់ អង្គការ ANRS ដែលបានជួយឧបត្ថម្ភ គាំទ្រគម្រោងសិក្សាស្រាវជ្រាវនានា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

លោករដ្ឋមន្ត្រីបានថ្លែងបន្ដថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាទាំងនេះ និងជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកបណ្ឌិត Olivier Segeral នាពេលកន្លងមក។ ខ្ញុំសង្ឃឹមថា លោកបណ្ឌិតនឹងបន្តជួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបន្តទៀត ទោះលោកបណ្ឌិតបានបញ្ចប់អាណត្តិការងាររបស់ខ្លួននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រួចហើយក្ដី»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា «ដើម្បីជាសក្ខីភាពនៃការដឹងគុណ ចំពោះការខិតខំប្រឹងប្រែងរបស់លោកបណ្ឌិត រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជូននូវគ្រឿងឥស្សវ័យយស មេដោយសហមេត្រី ថ្នាក់ធិបឌិន្ទ។

ដើម្បីបង្កើនគុណភាព នៃការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រយ៉ាងពេញទំហឹង ដោយផ្តល់អាទិភាពខ្ពស់ដល់វិស័យសុខាភិបាល ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព ដែលនេះនឹងនាំមកនូវភាពរឹងមាំ នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា លើមូលដ្ឋាននេះ ក្រសួងសុខាភិបាលលើកទឹកចិត្តឱ្យសាស្ត្រាចារ្យ និស្សិតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ខិតខំធ្វើការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីសម្រួចទាំងចំណេះដឹង ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ឱ្យកាន់តែប្រសើរឡើង សំដៅបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។

ជាងនេះទៅទៀត ក្រសួងសុខាភិបាល នៅតែបន្ដជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីពង្រឹងការងារបណ្តុះបណ្តាល និងការងារ ស្រាវជ្រាវក្នុងវិស័យសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានគូសរម្លឹកថា លោកបណ្ឌិត Olivier Segeral បានសិក្សា និងទទួលបានសញ្ញាបត្រជាច្រើន។ ចាប់តាំងពីឆ្នាំ១៩៩៩ មក លោកបណ្ឌិត បានចាប់ផ្តើមអនុវត្តការងារស្រាវជ្រាវ ដែលការងារស្រាវជ្រាវជាចម្បងរបស់គាត់ ផ្តោតលើ ជំងឺឆ្លង រូមមាន Ebola virus, HIV, Hepatitis, HPV និងជំងឺឱកាសនិយមផ្សេងៗទៀត។

លោកសាស្ត្រាចារ្យបានបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង Agence Nationale de Recherche sur le sida et les hepatites virales (ANRS) នៅឆ្នាំ២០១៥ លោកបណ្ឌិត Olivier Segeral បានមកបម្រើការងារ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងតួនាទីជាអ្នកជំនាញការបច្ចេកទេសអន្តរជាតិ។ ក្នុងតួនាទីនេះហើយ ដែលលោកបណ្ឌិត បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបណ្ដុះបណ្តាល និងស្រាវជ្រាវ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល៕

No comments