ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រhttp://www.seagameposttv.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទំនាក់ទំនងលេខ ទូរស័ព្ទ:.......

Breaking News

ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មីតម្លៃជិត ២លានដុល្លារ នៅពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា

ដោយ :www.dechesbarameynews.com


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​សម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ​វត្ត​ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវ​បាន​​សាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក (ខ្វះ ១ដុល្លារ គ្រប់ ២លានដុល្លារ)។ ថវិកា​សាងសង់អគារសិក្សាថ្មីនេះ ទទួលបានការ​ឧបត្ថម្ភ​ពី​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រម​ទាំង​​សប្បុរសជននានា។

លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា អគារសម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោ​សន្តិភាព សាល​សវការកាត់ក្តីសម្រាប់និស្សិតផ្នែកច្បាប់ និងសាលប្រជុំ។ អគារនេះ មានកម្ពស់ ៩ជាន់ ស្មើនឹង ៤៥បន្ទប់។

អគារនេះ បានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិ​ប​តី​ភាពរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ​ពល​ខេម​រ​ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។

លោក ឈិត សុខុន បានឱ្យដឹងដែរថា អគារថ្មីនេះ បានរចនាប្លង់ស្ថាបត្យកម្ម​រចនា​ប័ទ្ម​ខ្មែរ បែបសហសម័យ នាសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ ដោយសំយោគ​ចូល​នូវ​រច​នាប័ទ្មស្ថាបត្យកម្មខ្មែរសំខាន់ៗ រួមមានស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ព្រះពុទ្ធ​សាស​នា ប្រាសាទបុរាណខ្មែរ (អង្គរវត្ត បន្ទាយស្រី និងប្រាសាទបាគង) សំណង់បេតិកភណ្ឌ​អា​ណានិគម និងស្ថាបត្យកម្មទំនើបកម្ម។

អគារនេះ មានលក្ខណៈសំខាន់ៗ ដូចខាងក្រោម៖

* ជាន់ផ្ទាល់ដី៖ ជាលំហគ្មានជញ្ជាំងមានខ្យល់ឆ្លងកាត់(ដូចផ្ទះខ្មែរសាងសង់ផុតពីដី)ប្រើប្រាស់ជាកន្លែងជួបជុំសមណនិស្សិត និស្សិត កន្លែងបង្ហាញព័ត៌មានសិក្សា ចំណត​ទោ​ចក្រយានយន្ដ និងសួនច្បាររុក្ខជាតិបៃតង

* ជាន់ទី១៖ អាសនៈតម្កល់ព្រះឆាយាល័ក្ខណ៍សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី

- បន្ទប់ព្រះសាកលវិទ្យាធិការ

- បន្ទប់សាកលវិទ្យាធិការរង

- ការិយាល័យច្រកចេញ-ចូលតែមួយ

- ការិយាល័យរដ្ឋបាល

- ការិយាល័យគណនេយ្យ

- ការិយាល័យសិក្សា

- បន្ទប់សាស្ដ្រាចារ្យ

* ជាន់ទី២៖ បន្ទប់សិក្សាចំនួន ៥ បន្ទប់

ជាន់ទី៣៖ សាលប្រជុំធំ(៨៩៩នាក់) សាលប្រជុំតូច(១០០នាក់) បន្ទប់រង់ចាំ (គណៈ​អធិបតី) បន្ទប់រៀបចំកម្មវិធី បន្ទប់សម្លៀកបំពាក់ និងតុបតែង​បន្ទប់​រៀបចំអាហារសម្រន់ បន្ទប់សង្គ្រោះបឋម និងបន្ទប់ដាក់សម្ភារៈ

* ជាន់ទី៤៖ បណ្ណាល័យតេជោសន្តិភាព

* ជាន់ទី៥ ដល់ទី៨៖ បន្ទប់សិក្សាសរុប ២០បន្ទប់

* ជាន់ទី៩៖ សាលសវនាការនិម្មិត និងសាលប្រជុំខ្នាតតូច ក្រឡាផ្ទៃសំណង់ អគារ​សរុប ៣,៧៩៥ ម៉ែត្រការ៉េ និងតភ្ជាប់ជាមួយអគារសម្តេចតេជោ ហ៊ុន សែន ទំហំ ១,៩២០ម៉ែត្រការ៉េ។ សរុបក្រឡាផ្ទៃអគារទាំងពីរទំហំ ៥៧១៥ ម៉ែត្រការ៉េ។

សំណង់ស្ថាបត្យកម្មអគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាប្រភេទសំណង់​បេតុង​អាម៉េ គោរពតាមបទដ្ឋានស្តង់ដារបច្ចេកទេស ក្បូរក្បាច់ពិពិធវិចិត្ររចនា និងសោភ័ណ​ភាព​ល្អប្រណិត។ អគារនេះ ប្រើប្រាស់រយៈពេលជាង ១០ខែ គិតចាប់ពីថ្ងៃបើកកា​រដ្ឋាន​សាងសង់មក។

ក្រៅពីនេះ អគារ កំពុងបំពាក់សម្ភារៈបរិក្ខារទំនើបៗ និង តភ្ជាប់បណ្តាញអ៉ីន​ធើណេត​ដែល​មានល្បឿនលឿន ចំណាយថវិកាអស់ប្រមាណ ៥៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ ថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោយពីការសាងសង់រួចចំនួន ៣៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងនៅខ្វះថវិកាចំនួន ២២ម៉ឺនដុល្លារបន្ថែមទៀត។ ការបំពាក់​សម្ភារៈបរិក្ខារនេះ នឹងផ្តល់លទ្ធភាពដល់សមណនិស្សិត និស្សិត ក្នុងការប្រើប្រាស់ និង​សិក្សាស្រាវជ្រាវ។ ទាំងទំហំ កម្ពស់ រចនាប័ទ្ម សំណង់ស្ថាបត្យកម្ម និងការបំពាក់សម្ភារៈ​បរិក្ខារ បានធ្វើឱ្យអគារសិក្សាថ្មីនេះ ក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រពុំធ្លាប់មានសម្រាប់ ពុទ្ធិកសិក្សានៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់សមណនិស្សិត និស្សិត ក៏ដូចជាកូនខ្មែរ​អាច​បន្តការសិក្សា នឹងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត។

អគារនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញនូវអត្តសញ្ញាណជាតិ ដែលរួមបញ្ចូលគ្នា​នូវ​រចនាប័ទ្មស្ថាបត្យកម្មខ្មែរជាច្រើន រំលេចចេញជាស្ថាបត្យកម្មខ្មែរបែបសហសម័យ ក្នុង​សម័យ​តេជោសន្តិភាព និងអភិវឌ្ឍន៍ សម្រាប់ជាមរតករបស់រដ្ឋតរៀងទៅ។

សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សា​សា​ធារ​ណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការ និងសាសនា ផ្ដួចផ្ដើមបង្កើតឡើង​ដោយព្រះ​រាជ​តម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិ​ឧទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និង​បានការប្រោ​សព្រះរាជ​ទាន​នាមពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រា​ជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៤ មាននាមថា «ពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា»។

ក្រោយមកពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា បានក្លាយជាពុទ្ធិកសាកល​វិទ្យាល័យ​ព្រះ​សីហមុនីរាជា តាមអនុក្រឹតលេខ៨៣ អនក្រ.ប.កចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងបព្វជិត និងគ្រហស្ថ ស្របតាមគោលការណ៍មនុស្សធម៌ និងតម្លៃស្នូលគឺ «មេត្តា សតិ បញ្ញា» ដោយមិនប្រកាន់​និន្នាការនយោបាយ ពណ៌សម្បុរ ជំនឿសាសនា និងការរើសអើងណាមួយឡើយ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មាន៤ ពុទ្ធិកមហាវិទ្យាល័យរួមមាន៖ ១. ពុទ្ធិក​មហាវិទ្យាល័យទស្សនវិជ្ជាសាសនា និងនីតិសាស្ត្រ, ២. ពុទ្ធិកមហាវិទ្យាល័យបាលី​-សំ​ស្រ្កឹត និងភាសាបរទេស, ៣. ពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្ត្រអប់រំ និងអក្សរសាស្ត្រ និង​៤. ពុទ្ធិកមហាវិទ្យាល័យព័ត៌មានវិទ្យា ដោយបណ្តុះបណ្តាលលើ ៧ឯកទេសរួមមាន៖ ១. អក្សរសាស្ត្រខ្មែរ, ២. ទស្សនវិជ្ជាព្រះពុទ្ធសាសនា, ៣. វិទ្យាសាស្ត្រអប់រំ, ៤. នីតិសាស្ត្រ, ៥. គ្រប់គ្រងទូទៅ, ៦. អក្សរសាស្ត្រអង់គ្លេស និង៧. វិទ្យាសាស្ត្រកុំព្យូទ័រ។

ជាងនេះទៅទៀត ពុទ្ធិកសាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់​ខ្ពស់​លើ​ឯកទេសចំនួន៧ ដូចជា៖ ១. អក្សរសាស្ត្រខ្មែរ, ២. គ្រប់គ្រងទូទៅ, ៣. បង្រៀន​ភា​សា​​អង់គ្លេស, ៤. វិទ្យាសាស្ត្រអប់រំ, ៥. រដ្ឋបាលសាធារណៈ, ៦. នីតិឯកជន និង៧. ទស្សន​វិជ្ជាព្រះពុទ្ធសាសនា។

ក្រោយពេលបញ្ចប់ការសិក្សា សមណនិស្សិត និស្សិតទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញា​បត្រ​ជាន់​ខ្ពស់គ្រប់ជំនាន់ទទួលបានការប្រោសព្រះរាជទានសញ្ញាបត្រពី ព្រះករុណាព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានក្លាយ​ជា​សមាជិក សមាគមសាកលវិទ្យាល័យអន្តរជាតិ នៃអង្គការ UNESCO ហៅកាត់ថា IAU ដែលមានសាកលវិទ្យាល័យជាង៦០០ ជាសមាជិក មកពី ១៣០ប្រទេសទូទាំងពិភព​លោក​។ ការណ៍នេះ បានក្លាយជាប្រវត្តិសាស្ត្រថ្មី ដែលពុំធ្លាប់មានក្នុងប្រវត្តិពុទ្ធិកសិក្សា​នៅ​កម្ពុជា ក្នុងការលើកកម្ពស់ឧត្តមភាពពុទ្ធិកសិក្សាលើឆាកអន្តរជាតិ។

ក្រៅតែពីអគារដែលសម្ពោធដាក់ឱ្យប្រើប្រាស់ខាងលើនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះ​សីហមុនី​រាជាមានអគារសិក្សាចំនួន៣ផ្សេងទៀត រួមមាន៖ ទី១. អគារព្រះករុណា ព្រះ​មហាក្សត្រ សីហមុនី មាន ៩បន្ទប់, ទី២. អគាររដ្ឋបាល មានចំនួន ៩បន្ទប់, ទី៣. អគារ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចំនួន ២៤បន្ទប់៕

No comments